Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » ការ​រាំ​កម្សាន្ដ​នាំឱ្យ​មាន​សុខ​ភាព​ល្អ

ការ​រាំ​កម្សាន្ដ​នាំឱ្យ​មាន​សុខ​ភាព​ល្អ

ការរាំ​រែក​ជា​កីឡា​ មួយ​បែប​ដែល​មនុស្ស​ភាគ​ច្រើន​និយម​ចូល​ចិត្ដ​នៅ
​ពេល​បច្ចុប្បន្ន​នេះ។ មិន​ថា​តែ​ក្មេង​នោះ​ទេ​សូម្បី​តែ ចាស់ៗ​ក៏មាន​ដែរ ដោយ​សារតែ​ពួក​គេ​យល់ថា​កីឡា​នេះ​អាច​ជួយ​ឱ្យគេ​មាន​អារម្មណ៍​ស្រស់​ថ្លា សុខ​ភាព​ល្អ​និង​អាច​បំបាត់​ជម្ងឺ​មួយ​ចំនួន បាន​ទៀត​ផង។ កីឡា​ប្រភេទ​រាំ​នេះ ក៏​អាច​ឱ្យ​យើង​មាន​អាយុ​វែង​ផង​ដែរ​ក្រៅពី​នេះទៀត​ការរាំ​ជាកីឡា​មួយ​ ប្រភេទ​ដែល​មាន​ការ ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ហាត់​រៀន​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក ហ៊ី ឌី​ណា​រិន្ទ ប្រធាន​ក្លឹម​គីង​កុង​មាន​វត្ដមាន​បក​ស្រាយ​បំភ្លឺ​អំពី​ការរាំ​កម្សាន្ដ​ ដើម្បី​ឱ្យមាន​សុខ​ភាព​ល្អ​ជូន​ប្រិយ​មិត្ដ អ្នក​អាន​ឱ្យ​បាន​ជ្រាប​តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម។
រាំ​យ៉ាង​ណា ដើម្បី​ឱ្យ​មាន​សុខ​ភាព​ល្អ?
រាំ​កម្សាន្ដ​ជា​កីឡា​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យមាន​ចលនា​ជាប់ៗ​គ្នា មិន​ឈប់​ឈរ​ក្នុង​រយៈ​ពេល​ខ្លី​មួយ។ កីឡា​ប្រភេទ​នេះគេ​ឱ្យ ឈ្មោះ​ថាជា​កីឡា​អេរ៉ូ​ឌីត គេ​ហាត់​រាំនេះ​ចាប់​ពី៣០​ទៅ​៤៥នាទី វាធ្វើ​ឱ្យ​ចលនា​បេះ​ដូង​យើង​ដំណើរ​ការ​ល្អ​ឱ្យសាច់​ដុំមាន​ចលនា​ទៅ តាម​ចង្វាក់​នៃបទ​ភ្លេង​ដែល​យើង​រាំ។ អ្នក​ដែល​ចូល​ចិត្ដ​ហាត់​កីឡា​បែប​នេះ​អាច​ចៀស​ផុតពី​ជម្ងឺ​មួយ​ចំនួន​ដូចជា ​ជម្ងឺ​ទឹក​នោម​ផ្អែម ជម្ងឺ​លើស​ឈាម ឈាម​រត់មិន​ប្រក្រតី​ជា​ដើម។ ចំពោះ​អ្នក​លើស​ឈាម​មួយ​ចំនួន​ច្រើន​តែវ័យ​ចំ​ណាស់ កីឡា​នេះ​អាច​ធ្វើឱ្យ​ជាតិ​ខ្លាញ់ ក្នុងខ្លួន​មាន​ការ​ថយចុះ​ទាប​បាន​មួយ​កម្រិត​ប្រសិន​បើ​ហាត់​ប្រាណ​បាន​ទៀង ​ទាត់​នោះ។
ការរាំ​នេះ​ជាកីឡា​សម​ស្រប​ជាមួយ​មនុស្ស​ចាស់ ព្រោះ​វាអាច​ជួយ​សម្រួល​សរសៃ​ឈាម​បាន​ល្អ​និង​ធ្វើឱ្យ​ចង្វាក់​បេះដូង ដំណើរ​ការ​ល្អជា​ប្រក្រតី​ទៀត​ផង។ ចំពោះ​លោក​អ្នក​ដែល​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​ក៏អាច​បន្ថយ​អាការ​ជម្ងឺ​បាន​ មួយ​កម្រិត​ផង​ដែរ។ ព្រោះថា​ពេលលោក​អ្នក​ហាត់​ប្រាណ​ទៅ​ធ្វើឱ្យ​សាច់ដុំ​លោក​អ្នក​មាន​ចលនា មាន​ការ​កម្រើក​ហើយ​វាក៏បឺត​យក​ជាតិ​ស្ករ​ក្នុង​ខ្លួន​លោក អ្នក​បាន​មួយ​ចំនួន​ទៀត​ផង។
ពេល​វេលា​ល្អ​ក្នុង​ការ​រាំ​កម្សាន្ដ
ជាទូទៅ​គេ​ច្រើន​ជ្រើស​រើស​យក​ពេល​ព្រឹក​ព្រលឹម​ជាពេល​វេលា​ល្អ​បំផុត សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ។ ព្រោះ​ពេល​ព្រឹក ព្រលឹម​ជា​ពេល​មួយ​ដែល​អារម្មណ៍​ស្រស់​ថ្លា​បំផុត​ថែម​ទាំង​រាង​កាយ​លោក​ អ្នកមិន​ទាន់​បាន​ទទួល​នូវ​ជាតិ​អាហារ​នៅ​ឡើយ។ ពេល ហាត់​ទៅវា​នឹង​ជួយ​បន្ថយ​ជាតិ​កាឡូរី​និងជាតិ​ពុល​ក្នុងខ្លួន​លោក​អ្នក​បាន​ ប្រសើរ​ជាង​ការ​ជ្រើស​រើស​យក​ពេល​ថ្ងៃ​ឬពេល​ល្ងាច​ក្នុង​ការ ហាត់​ប្រាណ​នោះ ដោយ​សារតែ​ក្នុង​រាង​កាយ​លោក​អ្នក​មាន​ផ្ទុក​អាហារ​មួយ​ចំនួន​ទៅ​ហើយ​នោះ។ ដូច្នេះ​ការ​ថយចុះ​នូវ​ជាតិ​កាឡូរី និង​ជាតិ​ពុល​ក្នុង​ខ្លួន​នោះ​មាន​កម្រិត​ទាប​ជាង​កាល​ដែល​លោក​អ្នក​មិន​ ទាន់​បាន​បរិភោគ។
ប្រការ​គួរ​យល់​ដឹង​ពី​ការ​ហាត់​រាំ
ប្រការ​ដែល​លោក​អ្នក​ត្រូវធ្វើ​ពេល​ហាត់​ប្រាណ​ដំបូង​មាន​ជា​ដំណាក់​កាល​ដូចការ​ហាត់​ប្រាណ​ដទៃ​ទៀត​ដែរ។
  •       ត្រូវ​កម្ដៅ​សាច់​ដុំជា​មុន​សិន​មុន​នឹង​ហាត់ រយៈ​ពេល​ពី១០​ទៅ​១៥​នាទី
  •       ទើប​ធ្វើ​ការ​ហាត់​ប្រាណ​(ដោយ​ការ​រាំ​កម្សាន្ដ ឬក៏​កីឡា​ផ្សេងៗ) ចាប់​ពី២៥​ទៅ​៣៥​នាទី
  •       ពេល​ដែល​លោក​អ្នក​ចង់​ឈប់​នោះ លោក​អ្នក​ត្រូវ​តែ​បន្ថយ​កម្លាំង​បន្ដិច​ម្ដងៗ ធ្វើការ​សម្រួល​សាច់​ដុំ​សិន​ចាប់​ពី១០​ទៅ ១៥​នាទី។
ផល​ពិបាក​នៃការ​ហាត់​ហួស​កម្លាំង
ការរាំ​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​តក់​ក្រហល់​ពេក​នោះ​ទេ គឺ​ត្រូវ​ហាត់​ទៅ​តាម​កម្លាំង​ដែល​ខ្លួន​មាន ត្រូវ​ចេះ​ស្មាន​កម្លាំង​របស់​ខ្លួន។ លោក​អ្នក​ចាប់​ហាត់​ដំបូង ត្រូវ​ហាត់​តិចៗ មិន​ត្រូវ​បង្ខំ​ពេក​នោះ​ទេ។ ចៀស​វាង​ឃើញ​អ្នក​ដទៃ​ហាត់​បាន​ច្រើន​ហាត់​តាម​គេ នោះ​ទេ វា​អាច​ឱ្យ​លោក​អ្នក​មាន​បញ្ហា​ផ្សេងៗ​លើ​រូប​រាង​កាយ ដូចជា​ជម្ងឺ​មួយ​ចំនួន​ដោយ​មិន​ដឹង​ខ្លួន។ លោក​អ្នក​ដែល​ប្រើ​ប្រាស់​កម្លាំង ហួស​ហេតុ​ពេក​នោះ​ទៅជា​មាន​អាការ​វិល​មុខ ឈឺ​ក្បាល ងងឹត​មុខ​ចង់​ដួល​ជួន​កាល​អាច​សន្លប់​ក៏មាន​ដែរ។
ដំបូ​ន្មាន​អ្នក​ជំនាញ
លោក​អ្នក​គួរតែ​ឆ្លៀត​ពេល​វេលា​ដើម្បី​ធ្វើការ​ហាត់​ប្រាណ​ព្រោះ​ការ​ ហាត់​ប្រាណ​អាចធ្វើ​ឱ្យ​អារម្មណ៍​របស់​លោក​អ្នក​បាន ប្រសើរ​ឡើង និង​មាន​ភាព​រីក​រាយ​ក្រោយ​ពីលោក​អ្នក​បំពេញ​ការងារ​យ៉ាង​នឿយ​ហត់​រួច​មក​ នោះ។ លោក​អ្នក​នឹង​មាន​សុខ​ភាព​ល្អ និង ចៀស​ផុតពី​ជម្ងឺ​ផ្សេងៗបាន​ដោយ​មិន​ចាំបាច់​ចំណាយ​អស់​ថវិកា និង​ពេល​វេលា​ច្រើន​នោះ​ទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer