Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » ស្ដ្រី​មិនសម្បូរ​ទឹកដោះ ៖ មូលហេតុ និង​ដំណោះ​ស្រាយ

ស្ដ្រី​មិនសម្បូរ​ទឹកដោះ ៖ មូលហេតុ និង​ដំណោះ​ស្រាយ

ទឹកដោះ​ម្ដាយ​មាន​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​ទ្រទ្រង់​រាងកាយ​ ទារក​តូច​ដែល​មិនមាន​លទ្ធភាព​ទទួលយក​ចំណីអាហារ​បាន។ ស្ដ្រី​ភាគច្រើន​បំបៅ​កូន​ដោយ​ទឹកដោះ​របស់ខ្លួន​ផ្ទាល់​ដោយ​មិនត្រូវការ​ ជំនួយ​ពីម្សៅ​ទឹកដោះគោ​ឡើយ។ ប៉ុន្ដែ​ស្ដ្រី​មួយចំនូន​ជួបប្រទះ​បញ្ហា​ទឹកដោះ​មិន​គ្រប់គ្រាន់​សម្រាប់​ ចិញ្ចឹមកូន ឬ​មិនមាន​ទឹកដោះ​តែម្ដង។ តើ​មកពី​ហេតុអ្វីទៅ​ទើបស្ដ្រី​ទាំងនោះ​មិនសម្បូរ​ទឹកដោះ?
រូបភាពទស្សនាវដ្តីសុខភាពយើង
កាលពី​ការចេញ​ផ្សាយលេខ​មុនៗ លោកអ្នក​បាន​ទទួល​ជ្រាប​រួចមក​ហើយ​អំពី​សារៈប្រយោជន៍​នៃ​ទឹកដោះម្ដា​យ និងការ​បំ បៅដោះ​ជួយ​ពន្យារ​កំណើត។ ដោយ​ឡែក​សម្រាប់​លេខនេះ លោកអ្នក​បានជ្រាប​ជាបន្ដទៀត​អំពី​មូលហេតុ​ពិតប្រាកដ​ដែលធ្វើ​ឱ្យស្ដ្រី មួយចំនួន​មិនសម្បូរ​ទឹកដោះ​សម្រាប់​បំបៅកូន តាមរយៈ​ការ​បកស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត អ៊ូ សារឿន អនុប្រធាន​ផ្នែកសម្ភព នៃមជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​លើទំព័រ ទស្សនាវដ្ដី សុខភាព​យើង។
ទឹកដោះ​ម្ដាយ​ជាអាហារ​ដ៏ពិសិដ្ឋ
ទឹកដោះ​ម្ដាយ​ជាអាហារ​ដ៏ពិសេស​ដែលផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​គ្រប់បែបយ៉ាង ​សម្រាប់​តម្រូវការ​របស់ទារក​ក្នុងរយៈពេល​៤ទៅ៦​ខែដំបូង។ ទឹកដោះ​ម្ដាយ​ផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ជាច្រើន។
  • ជាតិ​ប្រូតេអ៊ីន និង​ជាតិខ្លាញ់​យ៉ាងច្រើន​សម្រាប់​ទារក​ក្នុងចំនួន​សមស្រប​និង​ត្រឹមត្រូវ
  • ជាតិ​ឡាក់តូស​(ជាតិស្ករ​ក្នុង​ទឹកដោះ)​ច្រើនជាង​ទឹកដោះ​ដទៃទៀត​ដែលជា​តម្រូវការ​របស់​ទារក
  • មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ទារក​ដោយ​មិនចាំបាច់​ត្រូវបន្ថែម​ជីវជាតិ​ដទៃទៀត​ទេ
  • មាន​ជាតិដែក​គ្រប់គ្រាន់​សម្រាប់​ទារក។ ជាតិដែក​នៅក្នុង​ទឹកដោះ​ម្ដាយ​មិនមាន​ចំនួនច្រើន​លើសលប់​ទេតែអាច​សមល្មម សម្រាប់​ទារក​ដែលមិន​បណ្ដាល​ឱ្យជួប​ភាពស្លេកស្លាំង​ដែល​បណ្ដាល​មកពី​ កង្វះសារជាតិ​ដែក។
  • មាន​សារជាតិ​ទឹក​គ្រប់គ្រាន់ ទោះបីជា​អាកាសធាតុ​ក្ដៅស្ងួត​យ៉ាងណា​ក៏ដោយ
  • អំបិល​កាល់ស្យូម និង​ហ្វូស្វាត​ត្រឹមត្រូវ
  • មានអ​ង់ស្ស៊ីម​ពិសេស​(លីប៉េស)​ដែលជួយ​រំលាយ​ខ្លាញ់។

ទឹកដោះ​ម្ដាយមិន​គ្រប់គ្រាន់
មានស្ដ្រី​មិនតិច​នាក់ទេ​ដែល​ក្រោយពេល​សម្រាល​តែងតែ​ពោលថា នាងខ្ញុំ​មិនសូវ​សម្បូរ​ទឹកដោះ ឬមាន​ទឹកដោះ​មិន​គ្រប់គ្រាន់។ នេះជា​បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែលធ្វើ​ឱ្យម្ដាយ​ចង់បំបៅ​កូនដោយ ​ដបទឹកដោះ​គោ ឬ​ទឹកបបរ​ឆាប់ពេក។ ប្រការ​ដែលមាន​ទឹកដោះ​មិន​គ្រប់គ្រាន់​នោះ គឺជាការ​យល់ឃើញ និងការ​គិត​របស់​អ្នកម្ដាយ​តែប៉ុណ្ណោះ។ តាមពិត​ទៅម្ដាយ​ទាំងអស់​អាចមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ទារក​របស់គាត់ ទោះបីជា​ទារកភ្លោះ​ក៏ដោយ។ សំខាន់​គឺស្ដ្រី​ត្រូវមាន​ជំនឿចិត្ដ និងយក​ចិត្ដទុក​ដាក់បំបៅ​កូន។ មានបញ្ហា​មួយចំនួន​ដែលធ្វើ​ឱ្យម្ដាយ​គិតថា​ទឹកដោះ​មិន​គ្រប់គ្រាន់ ដែលមាន​ដើមចម​មកពី​ទារក និង​ម្ដាយ។
1 .  បញ្ហា​របស់​ទារក
  • ទារកយំ​ច្រើន​ជាងការ​គិត​របស់ម្ដាយ និង​ក្រុមគ្រួសារ
  • ទារក​បៅច្រើន​ហើយ​ញឹកញាប់​ជាងទារក​ផ្សេង​ទៀត បើតាម​ការគិត​របស់ម្ដាយ
  • រយៈពេល​បៅម្ដង​យូរលើស​ពី១៥ទៅ​២០នាទី
  • ទារក​ខឹងដោះ​ហើយ​មិនព្រម​បៅដោះ
  • ទារក​ជញ្ជក់ដៃ​របស់វា
  • ពេលឱ្យ​បៅទឹកដោះគោ​ដោយប្រើ​ដបទារក​ដេកលក់​បានយូរ
2 .  បញ្ហា​របស់​ម្ដាយ
  • ដោះ​របស់ម្ដាយ​មិនមាន​ទឹកដោះ​នៅពេល​ទារកកើត​មកភ្លាម
  • ដោះមាន​សភាពទន់​ជាងពេល​មុន
  • ឈប់​ស្រក់ទឹកដោះ
បញ្ហា​ទាំងអស់​នេះ ជាពិសេស​បញ្ហា​របស់​ម្ដាយ អាច​កើតឡើង​ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ និងកង្វះ​បទពិសោធន៍​ច្រើនជាង។ សូម​អ្នកម្ដាយទាំ​ងឡាយ​រកជំនួយ​ពីអ្នក​មាន​បទពិសោធន៍ ឬ​គ្រូពេទ្យ​ដើម្បី​បំបៅដោះ​កូន។ ការសង្កេត​ថាទារក​បៅ​គ្រប់គ្រាន់ ឬ​ក៏អត់ ជារឿង​ងាយស្រួល​ទេ អ្នកម្ដាយ​ត្រូវតាម​ដាន ការនោម របស់​ទារក។ បើ​ទារកនោម​លើសពី៦ដង​ក្នុង​រយៈពេល​២៤ម៉ោង ហើយ​ទឹក នោម​របស់​ទារក​មានពណ៌​លឿងស្រាល​នោះមាន​ន័យថា​ទារក​បៅដោះ​គ្រប់គ្រាន់​ហើយ។ ក្រៅពីនេះ មានការ​រំខាន​ដល់ការ​បៅដោះ​កូន មួយចំនួន​ទៀត​ដែលកើត​មានឡើង​ចំពោះម្ដាយ ដូចជា​ដោះឡើង​ខ្លាំងហើយ​ឈឺ(លៀសដោះ) ដោះ​ហើមខ្លាំង​ហើយ​ឈឺចុង​ដោះ ឈឺ ប្រេះ​លិប ឬ​ចុងដោះ​វែងពេក ទារក​មិនព្រម​បៅដោះ មានឈាម​នៅក្នុង​ទឹកដោះ​ជាដើម។
ឱ្យមាន​ទឹកដោះ​គ្រប់គ្រាន់
គ្រប់ម្ដាយ​ទាំងអស់​ដែល​បំបៅកូន​ដោយ​ទឹកដោះ ចាំបាច់​ត្រូវយល់ដឹង​ពីកក្ដា​មួយចំនួន​ដែលអាច​ឱ្យ​លោកស្រី​មាន​ទឹកដោះ គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម​កូនតូច។ ប្រការ​សំខាន់​ពីរ ដែល​ទាក់ទង​ទៅនឹង​ការ​ផលិត​ទឹកដោះ និង​ស្ថានភាព​បំបៅ​ទារក។
1 . ការ​ផលិត​ទឹកដោះ ៖ អ្នកម្ដាយ​ត្រូវ​យល់ពី​ឥទ្ធិពល​នៃការ​ជញ្ជក់ដោះ​ទៅលើការ​ផលិត​ទឹកដោះ។ ប្រសិនបើ​ទារក​ជញ្ជក់ដោះ​បានច្រើន ដោះក៏​ផលិត​ទឹកដោះ​បានច្រើន​ទៅតាម​នោះដែរ។ បើសិនជា​ទារក​ជញ្ជក់ដោះ​បានតិច ដោះក៏​ផលិត​ទឹកដោះ​បានតិច​ដែរ។ ក្នុង​ករណី​ដែល​ទារក​ឈប់ជញ្ជក់​ដោះ ឬ​មិនដែល​ជញ្ជក់ដោះ​នោះ ដោះនឹង​លែង​ផលិត​ទឹកដោះ​ទៀតហើយ។ ផ្ទុយ​ទៅវិញ​បើ ម្ដាយ​មានកូនភ្លោះ​ហើយកូន​ទាំងពីរ​ជញ្ជក់ដោះ​នោះ ដោះនឹង​ផលិត​ទឹកដោះ​បន្ថែម​សម្រាប់​តម្រូវ​ការរបស់កូន​ទាំងពីរ។ ទាំងនេះ​ហៅ ថាការ​ផ្គត់ផ្គង់ និងការ​ទាមទារ។ ដោះ​ផ្គត់ផ្គង់​ទឹកដោះ​ទៅតាមការ​ទាមទារ​របស់​ទារក។ អ្នកម្ដាយ​មិនត្រូវ​ព្យាយាម​សន្សំ​ទឹកដោះ​ទុក នោះទេ ព្រោះវា​ធ្វើឱ្យ​ដោះផលិត​ទឹកតិច​ជាងមុន។ សរុបមក​វិញការ​បំបៅដោះ​កូន​កាន់តែ​ញឹកញាប់ ការ​ផលិត​ទឹកដោះ​កាន់តែ​ច្រើន ជាពិសេស​ការ​បំបៅដោះ​កូន​នៅពេល​យប់ ព្រោះ​ក្រពេញ​ភីទីអ៊ិតូរី​បញ្ចេញ​ប្រូឡាក់ទីន​នៅពេល​យប់ច្រើន​ជាង​នៅពេល​ ថ្ងៃ។ ដើម្បី​ឱ្យម្ដាយ​មាន​សុខភាព​មាំមួន​ក៏ដូចជា​ជំរុញ​ឱ្យការ​ផលិត​ទឹកដោះ​ កាន់តែ​ប្រសើរនោះ អ្នកម្ដាយ​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ប្រកប ដោយ​ជីវជាតិ។
2 . ស្ថានភាព​បំបៅ​ទារក ៖ មិនមែន​ឱ្យតែ​មាត់ទារក​ដល់ដោះ​សុទ្ធតែ​អាចបៅ​បាននោះ​ទេ ចាំបាច់​ត្រូវតែ​បំបៅកូន​ក្នុង​ស្ថានភាព​ត្រឹមត្រូវ ដើម្បី​ឱ្យទារក​បៅបាន​ឆ្អែតស្កប់ស្កល់​(ទារក​បៅទាល់តែ​ដេកលក់​ក្នុងខណៈ​ដែល​ ចុងដោះ​ម្ដាយ​នៅក្នុងមាត់​នៅឡើយ)។ ស្ថានភាព​ត្រឹមត្រូវ​ក្នុងការ​បំបៅដោះ​ដល់​ទារក​មាន ៖
  • ក្បាល និង​ដងខ្លួន​ទារក​គួរស្ថិតនៅ​បន្ទាត់​តែមួយ
  • មុខ​របស់​ទារក​នៅចំពី​មុខដោះ ច្រមុះ​ទល់នឹង​ក្បាលដោះ
  • ម្ដាយ​គួរបី​ទារក​ឱ្យផ្អឹប​នឹងកូន​(បែរមុខ​រកគ្នា)
  • ប្រសិនបើ​ទារក​ទើបនឹង​កើត អ្នកម្ដាយ​គួរតែ​ជួយ​ទ្រត្រគាក​របស់​ទារក មិនមែន​ទ្រក្បាល​និងស្មា​ឡើយ
  • ម្រាមដៃ​របស់ម្ដាយ​ត្រូវដាក់​ចូលនៅផ្នែក​ខាងចុង​ដង្ហើម ហើយ​ផ្អឹប​ម្រាម​ដើម្បី​ទ្រគល់ដោះ និង​ដាក់ក្នុង​ចន្លោះ​មេដៃ
  • ម្ដាយ​គួររុញ​បបូរមាត់​ទារក​ឱ្យប៉ះ​នឹងចុងដោះ​របស់ខ្លួន​រហូតដល់​ទារក​ ហាមាត់ធំ ហើយ​ប្រញាប់​ឱ្យទារក​បៅដោះ និង​ធ្វើ យ៉ាងណា​ឱ្យបបូរមាត់​ខាងក្រោម​របស់ទារក​ស្ថិតនៅ​ពីក្រោម​ចុងដោះ។
ដំបូន្មាន​អ្នក​ជំនាញ
គ្រប់ម្ដាយ​ទាំងអស់​គប្បី​បំបៅកូន​ដោយ​ទឹកដោះ​របស់ខ្លួន​ជាជាងការ​ បំបៅកូន​ដោយដប។ ព្រោះ​ក្រៅពី​ត្រូវ​ចំណាយ​ប្រាក់ ច្រើន​ហើយ ជួនកាល​ធ្វើឱ្យ​ត្រូវប្រឈម​មុខនឹង​ជម្ងឺផ្សេងៗ​ទៀតផង។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ជាមធ្យោបាយ​មួយ​ប្រកបដោ យ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ផ្ដល់​ឱ្យទារក​នូវការ​ថែទាំ និងផ្ដល់​នូវ​អាហារ​គ្រប់គ្រាន់​ដែលអាច​ការពារការ​ឆ្លងរោគ និងជម្ងឺ​នានាបាន។ គ្មានអ្វី​ដែលអាច​ជំនួស​ទឹកដោះ និង​សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ​បានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer